Pep លើឡើងពីការរៀបចំក្រុមសម្រាប់ជំនួបជាមួយបឹងកេត ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ
ក្រុមរបស់យើងនឹងទទួលក្រុមភ្ញៀវបឹងកេត មកកាន់កីឡដ្ឋានស្វាយរៀង នៅថ្ងៃសៅរ៍នេះ។ ពួកគេគឺជាក្រុមដែលកំពុងឡើងជើងពេលនេះ។ ពួកយើងបាន សម្ភាសន៍ Pep ពីការរៀបចំក្រុមសម្រាប់ការប្រកួតធំសប្តាហ៍នេះ។
តើលោកមានការរៀបចំក្រុមយ៉ាងដូចម្តេច សម្រាប់ជំនួបជាមួយបឹងកេត ដែលជាក្រុមកំពុងឡើងជើង ហើយក៏ជាជំនួបបិទជុំទី២ផងដែរ?
ពួកគេបានរកឃើញទម្រង់លេងមួយជាក់លាក់សម្រាប់ពួកគេកាលពីប្រកួតមុន។ ពួកគេ គឺជាក្រុមដែលមានកីឡាករប្រកបដោយគុណភាពក្នុងការប្រកួតប្រជែងលីគ។
ពួកគេបានផ្លាស់ប្តូរគ្រូបង្វឹក ហើយទម្រង់លេងរបស់គេក៏ផ្លាស់ប្តូរដូចគ្នា។ យើងបានសិក្សាពីពួកគេបានល្អ ហើយកីឡាកររបស់យើងក៏រួចរាល់សម្រាប់ការប្រកួតដែរ។
យើងត្រូវតែ លេងការប្រកួតអោយបានល្អ លេងជាមួយទម្រង់លេងរបស់យើង និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើង។
ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏ល្អមួយ សម្រាប់អ្នកគាំទ្រ ព្រោះក្រុមទាំងពីរចង់មានបាល់លេង ហើយលេងការប្រកួតមួយដ៏ជក់ចិត្តផងដែរ។
ពួកយើងត្រូវការការគាំទ្រ ពីអ្នកគាំទ្ររបស់យើង ហើយខ្ញុំសង្ឃឹមថាអ្នកអាចមកកីឡដ្ឋាន និងជួយពួកយើងដើម្បីឈ្នះការប្រកួតមួយទៀត។